ភ្នំពេញ៖ តាមរយ:កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។
ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរបានខិតខំអនុវត្តបានយ៉ាងល្អនូវអនុស្សារណៈយោគយល់គ្នាចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្អែកលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។
ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ នឹងពិនិត្យមើលការលើកទឹកចិត្តឱ្យបងប្អូនពលករកម្ពុជា ប្រើប្រាស់ប្រព័ន្ធធនាគាក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុកដើម្បីជួយកាត់បន្ថយនូវហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ។
ចំពោះវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញលោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីថៃដែលជួយផ្ដល់អាហារូបករណ៍ទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ពិសេសគឺបានបង្កើតឱ្យមានវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជាឱ្យមានចំណេះជំនាញក្នុងការប្រកបវិជ្ជាជីវៈ៕