ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរសម្រេចបិទទីតាំង អេស 88 ប៊ីយូធី ផ្សារធំថ្មី បន្ទាប់ពីប្រពន្ធនាយពាក់មី រងគ្រោះធ្ងន់ធ្ងរ រហូតសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ក្រោយពីព្យួសេរ៉ូមឲ្យសាច់សរ​ 

 

យោងតាមកំណត់ហេតុ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដែលសម្រេចដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងនេះ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

តាមការបញ្ជាក់របស់នាយពាក់មី នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានសរសេរថា ប្រពន្ធរបស់ខ្លួនបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស ប៉ុន្ដែក្រោយបុគ្គលិកនៅទីនោះចាក់សេរ៉ូមបញ្ចូលហើយ ស្រាប់តែប្រពន្ធរបស់ខ្លួនមានអាការៈមិនស្រួល ដូចជាថប់ដង្ហើម ណែនដើមទ្រូង។ ភ្លាមនោះ ក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្គ្រោះ។

នាយពាក់មី ក៏បានប្រកាសឲ្យម្ចាស់ទីតាំងត្រូវចេញមកដោះស្រាយជាបន្ទាន់ជាមួយសមត្ថកិច្ច ក្នុងករណីធ្វើឲ្យប្រពន្ធរបស់ខ្លួនរងគ្រោះថ្នាក់ ហើយកុំព្យាយាមគេចវេសឲ្យសោះ ព្រោះម្ចាស់ទីតាំងត្រូវបានគេស្គាល់មុខហើយ។ ប៉ុន្ដែទោះជាយ៉ាងណា​ នាយពាក់មី មិនបានបង្ហាញអត្តសញ្ញាណម្ចាស់ទីតាំងជាសាធារណៈនោះទេ៕