ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចសាងសង់បានជាង ១៤ភាគរយ

ក្រចេះ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៣ សម្រេចការសាងសង់បាន ១៤.១០ ភាគរយហើយ។

ការដ្ឋានសាងសង់នេះ ​ត្រូវបានប្រកាសបើកកាលពីថ្ងៃទី០២ ​ខែមករា​ ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ​ដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារ។

​គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ​ទៅខេត្តកំពង់ធំ ​ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ​ដូចជាត្រើយខាង​លិចតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ​ត្រង់ផ្លូវបំបែកកំពង់ថ្ម ​ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់​ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់​ទន្លេមេគង្គ​ឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ ​និងឆ្ពោះទៅខេត្តកំពង់ចាម​នៅផ្នែកខាង​ក្រោមទន្លេមេគង្គ។ ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​ ខេត្តរតនគិរី ​និងខេត្តមណ្ឌលគិរី ​និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង ​និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕