កំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ នៅខេត្តកំពតបានប្ដឹងក្រុមហ៊ុនពិភពដីមាស ចំនួន ១១០៥ បណ្ដឹង ហើយខាតបង់ទឹកប្រាក់ ចំនួន ២១,០៧៨,៩៦០ ដុល្លារអាមេរិក។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានលើកឡើងថា «គិតត្រឹមថ្ងៃទី៩ សីហា ប្រជាពលរដ្ឋ នៅខេត្តកំពតបានប្ដឹងមកក្រុមហ៊ុនពិភពដីមាស មានចំនួន ១១០៥ បណ្ដឹង ខាតបង់ទឹកប្រាក់ចំនួន ២១,០៧៨,៩៦០ ដុល្លារ»។
សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ៕