ភ្នំពេញ៖ លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្តី ដើម្បីអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំ សូមគោរព ចូលរួមអបអរសាទរ ឧកញ៉ា តុល លន ជា សហស្ថាបនិក បុរី លន សុីធី ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ«អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣។

លោកឧកញ៉ាប្រធានថ្លែងសារថា«យើងខ្ញុំពិតជាមានមោទនភាព និងសូមយកឱកាសដ៏ប្រសើរថ្លៃថ្លានេះសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនអ្នកឧកញ៉ា ដែលបានទទួលគោរមងារ តួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តម ដែលអ្នកឧកញ៉ាទទួលបាននេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពជោគជ័យជានិច្ចនិរន្តរ៍។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
លោកឧកញ៉ា តុល លន គឺជាស្ថាបនិក បុរី លន ស៊ីធី ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ៦៦ហិកតា ក្រោមទុនវិនិយោគរហូតដល់ជាង ១០០ លានដុល្លារអាមេរិក។

គម្រោងក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន របស់អ្នកឧកញ៉ា តុល លន នៅខេត្តព្រះសីហនុ ដែលបានធ្វើពិធីសម្ពោធបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមជាកិត្តិយសពី អ្នកឧកញ៉ា លី យ៉ុងផាត់ ។


