ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចុះរុះរើយីហោ «សាច់មាន់លោក»

ក្រសួងពាណិជ្ជកម្មដឹកនាំកម្លាំងចុះរុះរើយីហោ សាច់មាន់លោក ដោយមានការណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសហការជាមួយសាលារាជធានីភ្នំពេញបានចុះរុះរើស្លាកយី ហោភោជនីយដ្ឋានចិន «សាច់មាន់លោក» ដែលបានបកប្រែពីភាសា អង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ ហើយទទួល រងការ រិះគន់យ៉ាងចាស់ដៃពីសាធារណជនខ្មែរ។

ការរុះរើស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ទី ១៤ ខែឧសភា ឆ្នាំ២០១៩ នៅលើដងវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងសាលារាជធានីភ្នំពេញ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។

លោក វ៉េង សុធី បានគូសបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាននាំឱ្យមហាជនភាគច្រើនមានការយល់ច្រលំ។

លោក វ៉េង សុធី បានលើកឡើងថា«ក្រៅពីខុសអក្ខរាវិរុទ្ធភោ ជនីយដ្ឋានចិននេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងពាណិជ្ជកម្ម និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធឡើយ ខណៈដែលកម្ពុជាយើង គឺជាប្រទេសនីតិរដ្ឋ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការពង្រឹងអនុវត្តច្បាប់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម» ។

ទន្ទឹមគ្នានោះ លោក រដ្ឋលេខាធិការក៏បានណែនាំ និងពន្យល់ជន ជាតិ ចិនម្ចាស់ហាង អំពីច្បាប់អាជីវកម្ម ពាណិជ្ជនាមនិងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុន ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹង និងលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។