លោកថាក់ស៊ីន អាយុ៧៤ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយត្រូវបានបញ្ជូនទៅកាន់កន្លែងដាច់ពីគេនៃពន្ធនាគារ Remand ក្រុងបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីតុលាការកំពូលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ។
ក្នុងរយៈពេល១៣ ម៉ោង លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Police General ដោយសារអាការៈឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមទាប។
កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន បានទៅសួរសុខទុក្ខឪពុករបស់លោកស្រី កាលពីរសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃអង្គារ។ លោកស្រី ផែតងតាន បាននិយាយថា លោកស្រីព្រួយបារម្ភបំផុតអំពីស្ថានភាពបេះដូងរបស់ឪពុកលោកស្រី។
លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សភឿថៃកាលពីថ្ងៃអង្គារថា ឪពុករបស់លោកស្រី គឺលោកថាក់ស៊ីន អស់កម្លាំង ប៉ុន្តែនៅតែអាចនិយាយជាមួយលោកស្រីបាន៕