ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើកពេលអនុវត្តសាលដីកាដើម្បីរឹបអូសដីពីយោធិនពិការ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ផ្លូវចូលទៅផ្ទះយោធិនពិការ ក្នុងខណ្ឌព្រែកព្នៅ រាជាធានីភ្នំពេញលែងមានទៀតហើយ សូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផ្ទះ ក៏ត្រូវផ្តាច់អស់ដែរ គឺមិនអាចចូលទៅដល់ផ្ទះឈើដ៏ចាស់រខេករខាកនេះបានឡើយ។

អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារលោក មាស សុផាត ជាយោធិនពិការនៅក្នុងសមរភូមិ បានកាយផ្តាច់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក តុលារកំពូល។

អ្នកជិតខាងម្នាក់បាននិយាយប្រាប់ ដេលីខ្មែរ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា «តាបាក់ (មាស សុផាត) កាយកុំឲ្យចូលយកដីគាត់ ព្រោះតុលាការប្រុងមកយកថ្ងៃហ្នឹង»។

លោក ស៊ុន លាងហេង អាជ្ញាសាលាប្រចាំសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងពីផែនការអនុវត្តដោយបង្ខំ ដើម្បីយកដីពីលោក មាស សុផាត ឲ្យទៅលោក កើត សារ៉េត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។

នៅលើចំណីផ្លូវកាយផ្តាច់នេះ បានចងព្យួរបដាធំៗពីរ ដែលជាដីកាអមរបស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ផ្ញើទៅក្រសួងយុត្តិធម៌ និងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យបើកការស៊ើបអង្កេតឡើងវិញ ដើម្បីរកយុត្តិធម៌ជូនជនពិការរូបនេះ ដែលអះអាងថា ត្រូវឪពុកមារបស់ខ្លួនធ្វើប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់។

ចំណែកនៅតាមជញ្ជាំងផ្ទះ មានព្យួររូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងរូបថតលោក ជា សុផារ៉ាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដោយអំពាវនាវសុំជួយរកយុត្តិធម៌ឲ្យគាត់ផង។

លោក មាស សុផាត បាននិយាយថា « ខ្ញុំនឹងដុតសម្លាប់ខ្លួននៅលើដីខ្ញុំ ហើយព្រលឹងខ្ញុំនឹងតាមទាមទារយុត្តិធម៌ពីលោក កើត សារ៉េត ដែលប្រើអំណាចប្លន់យកដីខ្ញុំ»។

ពាក់ព័ន្ធករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាង លោក កើត សារ៉េត ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោក មាស សុផាត ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុន បានប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ឲ្យផ្អាកការអនុវត្តដោយបង្ខំរបស់តុលាការក្រុងភ្នំពេញ ដើម្បីរឹបអូសយកដីពីយោធិនពិការម្នាក់ នៅក្នុងខណ្ឌព្រែកព្នៅ រាជាធានីភ្នំពេញ។

យោងតាមដីកាបញ្ជូនរបស់លេខ៦២៨ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ របស់លោក ហូ សិទ្ធី ប្រធានខុទ្ទកាល័យសម្តេ​​​ចតេជោ បានឲ្យដឹងថា ការស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្អាកការអនុវត្តដោយបង្ខំ ធ្វើឡើងបន្ទាប់ពីលោក មាស សុផាត អាយុ៦០ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រី រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្តឹងសុំអន្តរាគមមន៍ពីសម្តេចតេជោ ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ ដែលចោទប្រកាន់លោក កើត សារ៉េត ថាបានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ឆ្នាំហើយ។

លោក មាស សុផាត បានរំឭកទៀតថា នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំដីបឹងនេះពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥ លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះ ដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តង ហើយជីកបានចំនួន២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។

ប៉ុន្តែក្រោយមកទៀត លោក កើត សារ៉េត ដែលត្រូវជាពូជីដូន មួយ និងមានដីជាប់គ្នា បានបបួលលក់ដីខាងមុខ ដូច្នេះដីនៅខាងក្រោយ ហើយចង់លក់បានថ្លៃ លោកក៏សម្រេចចិត្តវាស់វែងលក់ជាមួយគ្នា ដែលតាមពិត គឺជាល្បិចរបស់លោក កើត សារ៉េត វាស់វែងដើម្បីលួចធ្វើប្លង់រឹងយកដីរបស់គាត់តែម្តង។

លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា «គាត់អាងអំណាចជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។

ដោយសារមិនអស់ចិត្តនឹងការបោកប្រាស់នេះ ទើបមានការប្តឹងគ្នាទៅវិញទៅមក នៅសាលាដំបូងខេត្តកណ្តាល ដែលនៅទីនោះតុលាការបានយកតែបណ្ដឹងរបស់ កើត សារ៉េត មកពិចារណា ដោយមានចៅក្រមឈ្មោះ ស៊ិន វីរៈ ជាអ្នកកាត់ក្តីឲ្យម្ចាស់បណ្ដឹងឈ្នះ។

យោងតាមការរៀបរាប់របស់លោក មាស សុផាត បានដឹងថា ក្រោយមកភាគីអ្នកចាញ់ក្តីនៅសាលាដំបូងខេត្តកណ្តាល លោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយលោកចៅក្រម ប្លង់ សំណាង ក៏បានចុះអង្កេតផ្ទាល់លើដីទំនាស់ និងបានបើកសាវនាការសម្រេចក្តីឲ្យឈ្នះលោក កើត សារ៉េត។

លោកបានរៀបរាប់ទៀតថា ចំណែកលោក កើត សារ៉េត ក្រោយពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ ក៏ប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការនេះបានបង្វិលសំណុំរឿងទៅឲ្យសាលាដំបូងខេត្តកណ្ដាលឲ្យកាត់ឡើងវិញ ប៉ុន្តែលោក កើត សារ៉េត គាត់មិនព្រមទៅសាលាដំបូងវិញទេ។ ដូច្នេះទីបំផុតតុលាការកំពូលក៏សម្រេចចេញសាលដីកាឲ្យលោកចាញ់ក្តីយ៉ាងអយុត្តិធម៌បំផុត។

ដោយចាញ់ក្តីនៅតុលាការកំពូល លោក មាស សុផាត បានសុំអង្វរសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់គាត់ផង។