ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅឥណ្ឌូនេស៊ី ចាប់ថ្ងៃទី០៤-០៧ ខែកញ្ញានេះ

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណ រដ្ឋឥណ្ឌូនេស៊ីចាប់ថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា៕