ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួងអធិការកិច្ច ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាព ស៊ីចង្វាក់គ្នាដែលនឹងផ្តោត លើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ។
ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជិថល ជាដើម។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច មាន១០មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់នេះទាំងមូលជាឯកច្ឆន្ទ។
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធាន មនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផល ព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មាន៨មាត្រា។ បន្ទាប់ពីបាន ពិភាក្សា មួយមាត្រាម្តងៗ អង្គសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទាំងមូល ជាឯកច្ឆន្ទ៕
