ភ្នំពេញ:មន្ត្រីប៉ូលិសនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដ្ឋាននៃក្រសួងមហាផ្ទៃបាន ឃាត់ខ្លួន ឈ្មោះ ខេង មុន្នីរស្មីហើយបានបញ្ជូនខ្លួនទៅតុលាការដែលជាប់ពាក់ព័ន្ធករណីចេញសែកស្អុយចំនួន២ ម៉ឺនដុល្លារ។

ការឃាត់ខ្លួននេះធ្វើឡើងដោយយោង តាមពាក្យប្តឹងមួយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយដើមបណ្តឹង ឈ្មោះ គួច សុងទី អាយុ៣៧ឆ្នាំជាតិខ្មែរអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨៣ ផ្លូវ១៨២ ភូមិ៤សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង មុន្នីរស្មី គឺធ្វើឡើងកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅសង្កាត់ទួលសង្កែរាជធានីភ្នំពេញ ហើយឥឡូវនេះជនជាប់ចោទបានបញ្ជូនទៅតុលាការហើយកាលពីថ្ងៃទី១៧ខែកញ្ញានេះ ដើម្បីសាកសួរ នឹងអនុវត្តទៅតាមនីតិវិធីច្បាប់។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គួច សុងទី អាយុ៣៧ឆ្នាំ បញ្ជាក់ថា សូមគោរពជូនលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌសុំប្តឹងឈ្មោះ ខេង មុន្នីរស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៧២ ផ្លូវលេខ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ” មិនបំពេញកាតព្វកិច្ចសម្រាប់ឧបករណ៍ជួញដូរបាន”។
ដើមបណ្តឹងខាងលើបានបញ្ជាក់ថាកាលអំឡុងខែមករា ឆ្នាំ២០២៣ ឈ្មោះ ខេង មុន្នីរស្មី បានមកលួងលោម ឌុច បុត្រនិតា ដែលជាអ្នកស្គាល់គ្នា ដើម្បីជួយរកលុយចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួននិងធានាសងប្រាក់ពេញជូន ឌុច បុត្រនិតា ក្នុងខែមេសា ឆ្នាំ២០២៣។
ដើមបណ្តឹងបានរៀបរាប់ទៀតថា ដោយមានការជឿទុកចិត្តពី ឌុច បុត្នីតា គាត់បានឱ្យ ឈ្មោះ ខេង មុន្នីរស្មី ចំនួន ២ម៉ឺនដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក)។
ចំណែកនៅថ្ងៃប្រគល់ខ្លួនឈ្មោះ ខេង មុន្នីរស្មី សុំពន្យារម្តងហើយម្តងទៀត ដោយយល់ថាខ្លួនជាមិត្តនឹង ឌុច បុត្រនិតា ក៏យល់ព្រមតាមសំណើរបស់ ខេង មុន្នីរស្មី ហើយ ខេង មុន្នីរស្មី ចេញ សែកវិក័យប័ត្រ1សន្លឹកតម្លៃ 20,000 ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក)។
ស្រាប់តែនៅពេលដែល ឈ្មោះ ឌុច បុត្រនិតា យកមូលប្បទានប័ត្រមកបញ្ជាក់ជាមួយធនា គារ បុគ្គលិកធនាគារបានប្រាប់គាត់ថា មូលប្បទានប័ត្រមិនអាចទូទាត់បានទេ ដោយសារគណនីធនាគារត្រូវបានបិទ។
ពេលនោះស្រាប់តែឈ្មោះ ឌុច បុត្រនិតា ដឹងខ្លួនថា បានចាញ់បោក ឈ្មោះ ខេង មុន្នីរស្មី និងទាក់ទងទៅ ឈ្មោះ ខេង មុន្នីរស្មី ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែ ខេង មុន្នីរស្មី ព្យាយាមគេច និងបិទទូរស័ព្ទរហូតមកដល់ពេលនេះ។







