ព្រៃវែង៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសស្រី បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌទី១១ និងបង្សុកូលឧទ្ទិសកុសលផល បុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន។
ពិធីនេះបានរៀបចំធ្វើ នៅស្រុកកំណើត ឯកឧត្តម ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រាបុត្រី ញាតិមិត្ត បងប្អូនទាំងអស់ តែងតែរៀបចំពិធីកាន់បិណ្ឌ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ឥតមានអាកខានម្តងណាឡើយ ដើម្បីជាកិច្ចដឹងគុណចំពោះជីដូន ជីតា មាតា បិតា ដែលកាលលោកនៅមានជម្មាយុ បានខិតខំបីបាច់ថែរក្សា កូន ចៅ ប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តល់ឱកាសដល់កូន ចៅ បានសិក្សារៀនសូត្រគ្រប់ៗគ្នា ហើយបានក្លាយជាមន្រ្តីរាជការ ចូលរួមបម្រើប្រទេសជាតិផងដែរ។
នៅក្នុងឱកាសដ៏មហោឡាឬក្សនេះឯកឧត្តម វង សូត ព្រមទាំងបុត្រាបុត្រី បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន៥លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត រួមនិងទយ្យវត្ថុ រួមមាន អង្ករ៦បេ ទឹកក្រូច២០កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់១កេសធំ ស្ករសរ១បេ តែ៥គីឡូក្រាម ត្រីខ១កេសធំ មីម៉ាម៉ា១កេសធំ និងប៊ីចេង១កេស និងបានប្រគេនបច្ច័យ សម្រាប់ព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល។
ចំណែកលោកយាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំនួន៥០០នាក់ ទទួលបានប្រេងកូឡា១ប្រអប់ក្រម៉ា១ និងថវិកា៥ម៉ឺនរៀល។ជាមួយគ្នានេះ ឯកឧត្តម បានរៀបចំអាហារ សម្រាប់លោកតា លោកយាយ និងប្រជាពលរដ្ឋក្នុងភូមិបាន ពិសារផងដែរ៕

