ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី ហេង​ សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»

(ភ្នំពេញ)៖ លោក ហេង​ សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះកម្រងភួងមាលា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះប រមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមឆាយាលក្ខណ៍ព្រះ អង្គ នាខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

គួរជម្រាបថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួប១១ឆ្នាំហើយនៃការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជានុរាស្រ្តទូទាំងប្រទេស ក៏បានសម្តែងនូវការគោរពដឹងព្រះរាជគុណូបការដ៏ថ្លៃថ្លាបំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ។

នាឱកាសអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង​ សួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធនូវកិច្ចកិរិយាស្មិងស្មាធិ៍គោរពចំពោះព្រះបរមឆាយលក្ខណ៍ និងព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ដែលជាកិច្ចទំនៀមដ៏សំខាន់មួយនៃប្រជាជាតិកម្ពុជា។

លោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក៏បានគោរពបួងសួងឧទ្ទិសព្រះបរមរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ធិក្នុងទីព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងគោរពបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គតាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍតទៅមុខ ប្រជានុរាស្ត្ររស់ប្រកបដោយក្ដីសុខដុមរមនាតរៀងទៅ។

ជាការពិតណាស់ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ពិសេសគឺការទាមទារឯករាជ្យជូនប្រជាជាតិកម្ពុជាពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩ ៥៣ ការដឹកនាំកសាងសង្គមរាស្ត្រនិយមប្រកបដោយភាពល្បីល្បាញ (១៩៥៥-១៩៧០) ។

ការចូលរួមចរចាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោយរ បបខ្មែរក្រហមដួលរលំ ការគាំទ្រនូវនយោបាយស្វែងរកសន្តិភាពជូនប្រជានុរាស្ត្រឡើងវិញ ព្រមទាំងព្រះរាជកិច្ចជាច្រើនអនេកផ្សេងទៀតសម្រាប់ប្រជានុរាស្ត្រ និងដែនដីខេមរភូមិន្ទរបស់ព្រះអង្គ សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាចំពោះប្រជានុរាស្ត្រខ្មែរដែលមិនចេះរីងស្ងួត៕

#MLVT #HENGSour