ភ្នំពេញ: អ្នកទិញតូបផ្សារ TRIUMPH COMMERCIAL CENTER (TCC) វិនិយោគដោយក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ីនវេសមិន (Yun Nan Sheng Mao Inves tment Co, Ltd) ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាប់រយនាក់បានចេញតវ៉ាជាបន្តបន្ទាប់ ក្រោយពីថៅកែក្រុមហ៊ុនព្រងើយកន្តើយមិនព្រមចេញមុខដោះស្រាយជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀង ដែលបានសន្យាជាមួយអ្នកទិញ។

ការតវ៉ារបស់ អាជីវករទិញតូបផ្សារTCCចេញតវ៉ាឱ្យថៅកែពន្លឿន សាងសង់ និងអនុវត្តតាមកិច្ចសន្យានៅថ្ងៃទី២០ខែតុលានេះ។ តំណាងអ្នកទិញតូបផ្សារ TCC បាននិយាយថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយជាមួយអតិថិជនម្តងណាឡើយ។

ក្រុមអ្នកតវ៉ាលើកឡើងថា បើគិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាង សង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោយពីប្រមូលលុយពីអតិថិជនបានជាច្រើនលានដុល្លារ។
បើតាមតំណាងអតិថិជនគឺបញ្ជាក់ថា ទិន្នន័យបណ្តោះអាសន្នដែលទទួលបាន ក្រុមមានគម្រោងសាងសង់ប្រហែលជាង ៤ពាន់តូប ដោយមានតម្លៃ ១តូបចាប់ពីជាង ៦ពាន់ដុល្លារឡើងទៅដល់ជាង១០ម៉ឺនដុល្លារ។
រហូតមកដល់ពេល ក្រុមអាជីវករ បានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌឫស្សីកែវរួចហើយដែរ ដើម្បីជួយរកដំណោះស្រាយ និងអញ្ជើញភាគីក្រុមហ៊ុនចេញមុខមកដោះស្រាយជាមួយអតិថិជន។
យោងតាមកិច្ចសន្យាក្រុមហ៊ុនបានព្រមព្រៀងគ្នាទិញលក់តូប រយៈពេល ៤០ ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុនសន្យាថា នឹងសាងសង់ឱ្យរួចរាល់ ប្រគល់តូប និងផ្ទះអាជីវកម្មដល់អតិថិជន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល ០៦ ខែយ៉ាងយូរ។
បច្ចុប្បន្ននេះ អាជីវករដែលទិញតូបផ្សារនេះ បានកំពុងរងផលប៉ះពាល់ដោយអ្នកខ្លះត្រូវបង់ធនាគារ ខ្លះទៀតបាត់បង់ចំណូលដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ដោយរំពឹងថា ទិញតូបផ្សារនេះហើយ អាចចូលលក់ដូរបានដើម្បីដោះស្រាយជីវភាព។
អាជីវករបានលើកឡើងថា បើលើស ៦ខែភាគីខាងផ្សារ នឹងផ្តល់សំណង ១ភាគរយរៀងរាល់ខែ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអាជីវករ បានអះអាងថា ភាគីផ្សារមិនបានផ្តល់សំណងដល់អតិថិជននោះឡើយ ខណៈដែលផ្សារក៏មិនទាន់សាងសង់រួចរាល់។
ក្រុមអាជីវករ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយរកយុត្តិធម៌ និងសូមឱ្យភាគីខាងផ្សារពន្លឿនដំណើរការសាងសង់ គោរពតាមកិច្ចសន្យា ចូលខ្លួនមកដោះស្រាយជាមួយអតិថិជន ដោយកំណត់ពេលវេលាឱ្យបានច្បាស់លាស់។
ក្រុមអាជីវករ បានអះអាងថា នឹងប្រមូលផ្តុំតវ៉ាជាបន្តទៀត ប្រសិនបើភាគីពាក់ព័ន្ធ ជាពិសេសថៅកែក្រុមអភិវឌ្ឍផ្សារ TCC មិនចេញមកដោះស្រាយជូនអតិថិជន ដូចមានចែងក្នុងកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាទេនោះ៕