តាកែវ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៅវេលាម៉ោង៩ និង២០នាទីព្រឹកនាថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៣នេះ បានឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AH-7954 ពណ៌សម្បកឪឡឹក ដឹកស៊ុតមាន់ ចំនួន៩,០០០គ្រាប់ និងស៊ុតទា ចំនួន២៣,១០០គ្រាប់។
បទល្មើសនេះ បានដឹកចេញមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់និងទា)ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារ បានឃាត់ចាប់រថយន្តដឹកស៊ុតនេះ នៅជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចនាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។








