(រាជធានីភ្នំពេញ): នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងបរិវេណ សួនច្បារវត្តបុ ទុមវត្តី និងសួនច្បារកោះនរា ដើម្បីចូលរួមទប់ស្កាត់ការលក់ចែកចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសកាលបរិច្ឆេទប្រេីប្រាស់ និងម្ហូបអាហារមិនមានអនុលោមភាព។
ជាលទ្ធផលនៃការវិភាគ ក្នុងចំណោមផលិតផលម្ហូបអាហារ ចំនួន៣១គំរូ ឃើញមាន៖
បង្គាក្លាសេ ១គំរូ បានពិនិត្យរកឃើញមានចាក់បញ្ចូលសារធាតុចាហ៊ួយ(CMC) ហើយត្រូវបានក្រុមការងារដកហូតបាន ២គ.ក្រ និងនំចម្រុះពុំមានអនុលោមភាពខូចគុណភាពចំនួន ២០កញ្ចប់ ទម្ងន់ប្រមាណជិត ២គ.ក្រ ដើម្បីកំទេចចោល ព្រមទាំងកំពុងបន្តស្វែងរកប្រភពចែកចាយបន្ត។
ពុំមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានរកឃើញទេអំឡុងពេលត្រួតពិនិត្យ។ ក្នុងពេលនោះមន្រ្តីជំនាញ ក.ប.ប. ក៏បានបញ្រ្ជាបចំណេះដឹង អំពីសុវត្ថិភាពម្ហូបអាហារ ការដាក់តាំងលក់ត្រូវមានអនាម័យ ជូនដល់អាជីវករ និងអ្នកចូលរួមផងដែរ។
ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃប្រារព្វពិធីបុណ្យខាងលើនេះ គឺមានតែបង្គាមានសារធាតុចាហ៊ួយ(CMC) ចំនួន២គ.ក្រ និងនំចម្រុះមិនអនុលោមលើស្លាកសញ្ញាចំនួន ២០កញ្ចប់ស្មើ ២គ.ក្រ ត្សរុប៤ គីឡូក្រាម ត្រូវបានរកឃើញ និងដកហូតតាមនីតិវិធី។
