លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងឈានដល់បដិវត្តឧស្សាហកម្មជំនាន់ទី៤.0 និងការអភិវឌ្ឍន៍តាមបែបបច្ចេកវិទ្យាទំនើបៗ ហើយសន្និសីទ ឌីជីថលកម្ពុជាឆ្នាំ២០១៩ គឺជាកិច្ចការដ៏មានសារសំខាន់មួយក្នុងការជំរុញប្រទេសកម្ពុជាចូលក្នុងបដិវត្តឧស្សាហកម្ម ៤.0 ដែលត្រូវការបច្ចេកវិទ្យាទំនើបៗមិនអាចខ្វះបាន ហើយកម្ពុជាកំពុងតែរៀបចំខ្លួនតាមគោលនយោបាយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមនិន្នាការរបស់ពិភពលោក។
លោករដ្ឋមន្រ្តីបានថ្លែងទៀតថា ថ្វីបើកម្ពុជាស្ថិតនៅឆ្ងាយពីគេក៏ពិតមែនផ្នែកបច្ចេកវិទ្យា ក៏ប៉ុន្តែអ្វីដែលអាចធ្វើបានគឺកម្ពុជានឹងជំរុញកិច្ចការនេះបន្ថែមទៀតហើយមិនយឺតពេលនោះទេ ដូចជាការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលច្បាប់នេះជិតរួចរាល់ជាផ្លូវការហើយ ចំពោះធនធានមនុស្សកម្ពុជាមានសមត្ថភាពមិនចាញ់បរទេសឡើយ។
រដ្ឋមន្រ្តីពាណិជ្ជកម្មបន្ថែមថា កម្ពុជាមិនយឺតពេលទេ ក្នុងការដើរឲ្យទាន់សម័យកាលនៃបដិវត្តឧស្សាកម្មជំនាន់ទី៤នេះ ព្រោះយុវជនកម្ពុជាមានភាពវៃឆ្លាតស្របតាមការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
សម្រាប់ លោក ប៉ាត់ ចំណាន អគ្គនាយកក្រុមហ៊ុន VKHMER EXPRESS បានថ្លែងថា បច្ចេកវិទ្យាសម័យចុងក្រោយនេះបានផ្សារភ្ជាប់ជាមួយកិច្ចការជំនួញ ខណៈប្រទេសជឿនលឿនគេជំរុញឲ្យមានការធ្វើជំនួញតាមបច្ចេកវិទ្យាអេឡិចត្រូនិក នឹងកាត់បន្ថយពេលវេលា ហើយជំរុញការរីកម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។
លោកបានថ្លែងទៀតថា បច្ចុប្បន្ននេះបច្ចេកវិទ្យាឌីជីថលគឺមានសារសំខាន់ណាស់ ដែលរដ្ឋាភិបាលកម្ពុជាបានរៀបចំកម្មវិធីនេះឡើង ដើម្បីជំរុញឲ្យអ្នកជំនួញជំនាន់ថ្មីនិងជួយបង្កើនទីផ្សារដល់កសិករក៏ដូចជាបង្រឹងឲ្យការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាមានទីផ្សារធំជាងមុន។
អ្នកជំនួញវ័យក្មេងខាងលើបន្ថែមថា បើសិនជាប្រទេសកម្ពុជាជំរុញទីផ្សារឌីជីថលដើរទៅមុខលឿននោះមានន័យថា កម្ពុជានឹងមានការអភិវឌ្ឍន៍លឿនផងដែរ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។
ព្រឹត្តិការណ៍ឌីជីថលកម្ពុជានៅ ២០១៩ ដែលរៀបចំឡើងធ្វើនៅមជ្ឈមណ្ឌលសន្និសីទពិរព័ណ៌កោះពេជ្រ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បង្ហាញថា ប្រទេសកម្ពុជាត្រូវតែធានាបាននូវភាពធន់របស់ខ្លួននិងការជំរុញការអភិវឌ្ឍន៍ រីកចម្រើននៅក្នុងរយៈពេលវែង ក្នុងនោះកម្ពុជានឹងពង្រីកហេដ្ឋារចនាសម័ន្ធទន់ និងរឹង ការកសាងសមត្ថភាពជំនាញ ឲ្យស្របតាមបរិបទថ្មី។
ក្នុងនោះរាជរដ្ឋាភិបាលបានបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជម្រុញធ្វើពិពិធកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ជាពិសេសការជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ដែលជាមុខសញ្ញាយ៉ាងសំខាន់ នៅក្នុងគោលនយោបាយជម្រុញសេដ្ឋកិច្ចជាតិ ។


