(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអះអាងថាសហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាពចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។
ការណ៍នេះ គឺជាការដឹកនាំដោយគ្មានតម្លាភាព និងមិនបានអនុវត្តតាមស្តង់ដាអន្តរជាតិដែលសហជីពទាំងអស់ត្រូវតែបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឱ្យសមាជិករបស់ខ្លួនបានដឹង ព្រោះថាសហជីពទទួលលុយវិភាគទានពីកម្មករ ហើយកម្មករក្នុងនាមជាម្ចាស់លុយត្រូវតែមានសិទ្ធសួរដេញដោលឱ្យប្រធានរបស់ខ្លួនបង្ហាញជូនកម្មករជាទូទៅនៅចំពោះមុខសន្និបាតប្រចាំឆ្នាំរបស់សហជីព។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ “នៅស្រុកគេ(បរទេស )របាយការណ៍ហិរញ្ញវត្ថុត្រូវផ្សព្វផ្សាយប្រចាំឆ្នាំ ដោយត្រូវមានសន្និបាតប្រចាំឆ្នាំ ហើយប្រាប់សមាជិករបស់ខ្លួនថា ឆ្នាំនេះលុយបានមកពីសមាជិកដែលប្រមូលបានមានចំនួនប៉ុន្មាន យកទៅធ្វើអ្វីខ្លះ ចាយលើអ្វីខ្លះ ហើយ លុយដៃគូ(បរទេស)ដែលបានមកត្រូវចាយអ្វីខ្លះ? នេះទើបហៅថាអនុវត្តស្តង់ដាអន្តរជាតិ”។
ការលើកឡើងរបស់លោកតរដ្ឋមន្ត្រីនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេស កម្ពុជាឆ្នាំ២០២៤-២០២៨ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដែលសិក្ខាសាលានេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO)ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស៕
#MLVT #HENGSour