ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sophie Viger នាយិកាសាលា Ecole 42 របស់បារាំង

ប៉ារីស: ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២៤នេះបានអនុញ្ញាតឱ្យលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។

ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញា តឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តា លរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃជាមួយគោលបំណងផ្តល់ឱ្យសិស្សានុ សិស្សនូវជំនាញ និងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ។

គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និង ការជួយគ្នាទៅវិញទៅមកនៅក្នុងការសិក្សារៀនសូត្រ ។

ដោយឡែក នៅកម្ពុជា សាលា Ecole 42 បាន និងកំពុងសហការជាមួយដៃគូក្នុងស្រុក ក្នុងការរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលា ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តា លរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិ បាលកម្ពុជានៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ នៅកម្ពុជា ៕