បាត់ដំបង: លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់បណ្ណាល័យ១ខ្នង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងវត្តត្រៃសិក្ខារាមកំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ភូ ធា អភិបាលរង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក វ៉ា ឈូដា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក សុខ ដែន អភិបាលស្រុកកំរៀង និងលោក ភឿ គីមហ៊ាង អគ្គនាយកក្រុមហ៊ុន ស៊ីអេច គីមហ៊ាងភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះព្រហ្មជោតិ សែម សុមុនី ព្រះគ្រូចៅអធិការវត្តត្រៃសិក្ខារាមកំប្រង់ ព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន យុវជន យុវតី មកពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំរៀង យុវជន ក.១៥៧ស្រុកកំរៀង យុវជនក្មេងវត្តស្រុកកំរៀង យុវជនស្រលាញ់សន្តិភាពស្រុកកំរៀង លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត ១ពាន់នាក់។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃ និងជូនចំពោះ លោកយាយ លោកតា មន្ត្រីរាជការ សប្បុរសជន លោកគ្រូ អ្នកគ្រូ យុវជន យុវតី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅក្នុងពិធីនេះផ្ទាល់ ក៏ដូចជានៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងទាំងអស់គ្នា។
លោកបានបញ្ជាក់ថា គ្រប់ពេលវេលាប្រមុខរាជរដ្ឋាភិបា លតែងតែយកចិត្តទុកដាក់ចំពោះភាពសុខសាន្ត និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងអាណាចក្រ ពុទ្ធចក្រ វិស័យសាសនា និងវិស័យនានា ដើម្បីបង្កើតសុខុដុម នីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ជាយូរអង្វែង។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានសម្តែងការព្រះអរគុណ និងអរគុណចំពោះព្រះសង្ឃ សប្បុរសជនគ្រប់រូបដែលមានសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីជាអនិសង្ឃក្នុងការចូលរួមកសាងសមិទ្ធផលនានា ពិសេសសមិទ្ធផលក្នុងវត្តត្រៃសិក្ខារាមកំប្រង់នេះ ជាសក្ខីភាពស្រាប់។ ដូច្នេះសូមបងប្អូនជួយគ្នាបន្តទៀត ដើម្បីរួមនិស្ស័យជាកុសលផលបុណ្យ ជាមួយគ្នាបន្តទៅខាងមុខទៀត។
នៅក្នុងពិធីនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន បាននាំយកអំណោយរួមមាន៖ អង្ករ២តោន មី១០០កេះ និងបច្ច័យចំនួន១០លានរៀល ដែលជាទេយ្យទាន និងជាបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ក្រៅពីនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ក៏បានឧបត្ថម្ភថវិកាដល់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំរៀង ៥០ម៉ឺនរៀល យុវជន ក.១៥៧ ស្រុកកំរៀង ៥០ម៉ឺនរៀល យុវជនក្មេងវត្ត ស្រុកកំរៀង ៥០ម៉ឺនរៀល យុវជនស្រលាញ់សន្តិភាព ស្រុកកំរៀង ៥០ម៉ឺនរៀល កងពលថ្មើរជើងលេខ៥៣ ថវិកា១លានរៀល ក្រុមគ្រូពេទ្យប្រចាំការ ៥០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ៥០ម៉ឺនរៀល កម្លាំងនគរបាលការពារ ៥០ម៉ឺនរៀល និងប្រជាការពារ ៥០ម៉ឺនរៀល៕