ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គុណ ញឹម បាន​​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០

ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅ​​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ​បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០ ។

កម្មវិធីនេះ ដោយមានការចូលរួមពីលោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនថាលាស (Thalias) លោក លូ ម៉េង អភិបាលក្រុមហ៊ុនថាលាស ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ព្រមទាំងតំណាងក្រសួង ស្ថាប័ននានា ដែលបំពេញការងារក្នុងអគាររដ្ឋបាល អគរ។

លោក Arnaud Darc និងលោក លូ ម៉េង បានថ្លែងអំណរគុណដល់ លោក បណ្ឌិត គុណ ញឹម ក៏ដូចជារដ្ឋបាលគយទាំងមូល ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុនថាលាស អាចមកបើកអាហារដ្ឋានសន្តិភាពនៅអគាររដ្ឋបាលគយដ៏ស្កឹមស្កៃនេះ ក្នុងការផ្តល់សេវាកម្មម្ហូបអាហារដល់អតិថិជនក្នុងអង្គភាព ដែលនេះគឺជាផ្នែកមួយផងដែរនៃការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

លោក លូ ម៉េង បានសន្យាថា នឹងខិតខំធ្វើឱ្យសេវាកម្មរបស់ខ្លួនមានគុណភាពខ្ពស់ អនាម័យល្អ ជាមួយនឹងតម្លៃសមរម្យ។
ថ្លែងក្នុងពិធីនេះ លោក បណ្ឌិត គុណ ញឹម បានលើកឡើងថាអគាររដ្ឋបាល អគរ ត្រូវបានសាងសង់ឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដោយបានរក្សាទុកនូវអគារចាស់ដែលជាកេរ្តិ៍ដំណែលពីសម័យមុន ព្រមទាំងបានគិតគូរត្រៀមជាស្រេចនូវហេដ្ឋារចនាសម្ព័ន្ធការងារ ទាំងបច្ចុប្បន្ន និងទៅអនាគតនៅពេលដែលរដ្ឋបាលគយកាន់តែរីកចម្រើនថែមទៀត។

ក្រោយការដាក់ឱ្យដំណើរការជំហានទី១ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគាររដ្ឋបាលគយនេះត្រូវបានប្រើប្រាស់សម្រាប់តែការបំពេញការងារប៉ុណ្ណោះ ដោយទីតាំងអាហារដ្ឋាន និងកន្លែងហាត់ប្រាណ នៅពុំទាន់បានដំណើរការនៅឡើយ ដោយសារមូលហេតុនៃការរីករាលដាលជំងឺកូវីត១៩។

លោករដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា ការបើក អាហារដ្ឋាន សន្តិភាព នេះ ជាជំហានមួយទៀតនៃការប្រើប្រាស់សក្តានុពលរបស់អគារកម្ពស់ ៣៥ជាន់នេះ ដោយបានបង្កលក្ខណៈងាយស្រួលដល់មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក និងអ្នកបំពេញការងារក្នុងអគារក្នុងការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងជាកន្លែងសម្រាប់ការជួបជុំ លម្ហែ ក្រោយពេលសម្រាកពីការងារក្នុងបរិយាកាស មិត្តភាព សាមគ្គីភាព និងភាពសិទ្ធស្នាល។