ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងម៉ាឡេស៊ី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Datuk Eldeen Husaini Mohd Hashim (ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងឯកភាពស្វះស្វែងរកកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។

នេះគឺជាលទ្ធផលជំនួបដែលថ្នាក់ដឹកនាំទាំងពីរ ដែលបានលើកឡើងក្នុងជំនួប ដែលធ្វើឡើងនៅទីស្តីការក្រសួង។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលជាមិត្តក្នុងតំបន់ចំពោះការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅម៉ាឡេស៊ីដោយគ្មានការរើសអើងក្នុងខណៈដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យការងារ។

ទន្ទឹមនឹងនោះ លោកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះពលរដ្ឋម៉ាឡេស៊ីនៅកម្ពុជាដូចគ្នាផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន និងការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីរាជការតាមរយៈកម្មវិធី MICT។

ភាគីទាំងពីរ បានឯកភាពគ្នាខិតខំពង្រឹង និងពង្រីកលើកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកិច្ចសហការថ្មីៗដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិទាំងពីរដែលជាការពូនជ្រំទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត៕

#MLVT #HENGSour