ភ្នំពេញ៖ លោក សាយ សំអាល់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ។
សំណើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី។
លោក សាយ សំអាល់ មានប្រសាសន៍ថា ការងារអាទិភាពរបស់ក្រសួងគឺ ការចុះបញ្ជីដីធ្លី ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ដែលជាលទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៥លាន បណ្ណជូនប្រជាពលរដ្ឋរួចហើយ ។
នៅមានប្រមាណ ២លានបណ្ណ កំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្វែងរកថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីចុះបញ្ជី ៥លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅសំខាន់ នៃការរៀបចំស្តង់ដាសំណង់នៅកម្ពុជា គឺដើម្បីជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមានស្រាប់នៅកម្ពុជា ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក។ ដូចនេះ ក្រសួងបាននិងកំពុងសិក្សាធាតុចូលពីបណ្តាប្រទេសដូចជា អឺរ៉ុប ជប៉ុន និងអាមេរិក ដើម្បីបង្កើតស្តង់ដាសំណង់មួយដែលឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា។
លោក សាយ សំអាល់ បានបន្ថែមថាជាមួយគ្នានេះ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន ៣គឺច្បាប់ស្តីពីសំណង់ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម និងកំពុងស្នើសុំជំនួយប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ៍ JAXA នៃរដ្ឋាភិបាលជប៉ុន ដើម្បីរៀបចំដែនដីស្របតាមទិសនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព រៀបចំអភិវឌ្ឍទីក្រុង និងរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ ។
លោកឯកអគ្គរដ្ឋទូត កោតសរសើរដល់ក្រសួងដែលសម្រេចបានជោគជ័យលើការកាត់បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ ហើយគាំទ្រលើការសិក្សារៀបចំស្តង់ដាសំណង់នៅកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេស និងជំនួយផ្សេងៗឱ្យសមស្របនឹងតម្រូវការក្នុងការសិក្សាស្តង់ដារសំណង់នៅកម្ពុជា ពិសេសពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) ដែលមានប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប៕