ភ្នំពេញ៖ លោក សឺន សូថា អតីតប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានផ្ទេរពីក្រសួងឧស្សាហកម្មទៅអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាផ្លូវការ ហើយ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈនេះ ដែលសារព័ត៌មាន ដេលីខ្មែរទទួលបាន។
លោក សឺន សូថា គឺជា មនុស្សជំនិត អតីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦កន្លងទៅ។ ប៉ុន្តែភ្លាមៗនៅក្នុងអាណត្តិទី៧ ក្រោយពីមានការរៀបចំក្បាលម៉ាស៊ីនគណរដ្ឋមន្រ្តីថ្មីក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថ្មីក៏បានមកចូលកាន់ដំណែង ភ្លាមៗនោះផងដែរ គ្រានោះ លោក សឺន សូថា ក៏ត្រូវបានផ្លាស់ប្តូពីតួនាទីជា អគ្គនាយកដ្ឋានកិច្ចការទូទៅ ទៅជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មផងដែរ។
យោងតាមប្រភពព័ត៌មានបានបង្ហើបថា ការផ្ទេរតួនាទីរបស់ លោក សឺន សូថា ពីអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្រសួងពាណិជ្ជក្មនេះ គឺ ទំនងជាលោកចង់ទៅបំពេញការងារជាមួយកូនស្រី អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលជាមេចាស់របស់លោកផងដែរ។
សូមបញ្ជាក់ថា លោក សឺន សូថា បានបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមពីមន្រ្តីធម្មតា រហូតបានបំពេញតួនាទីជូនថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តី ប្រកបដោយគុណភាពនិងការទទួលខុសត្រូវខ្ពស់នោះ លោកត្រូវបានឡើងតួនាទីជាបន្តបន្ទាប់ពី អនុប្រធានទៅជាប្រធាននាយករដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រោយមកទៀត លោកត្រូវបានរដ្ឋមន្រ្តីផ្តល់ទំនុកចិត្ត បានឡើងឋាន នៅពេលដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានផ្លាស់មកជា ក្រសួងឧស្សាហកម្មវិញ ។
ក្រោយមកទៀត នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សឺន សូថា ក៏ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដោយក្រោមមកបានឡើងតួនាទី បុណ្យសក្តិជាបន្តបន្ទាប់រហូតដល់ជាមន្រ្តីជាន់ខ្ពស់ផងដែរ។
បន្ថែមពីនេះលោក សឺន សូថា ទោះបីជាលោកបានផ្ទេរការងារទៅក្រសួងពាណិជ្ជកម្មហើយក៏ដោយប៉ុន្តែលោកក៏បានបណ្តុះបណ្តាលមន្រ្តីជំនិតៗនៅក្បែរខ្លួនលោកមួយចំនួនឲ្យកាន់កាន់តួនាទីសំខាន់ៗ ដើម្បីចូលរួម អភិវឌ្ឍន៍នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថែមទៀតផង។