ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ សំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ សម្តេចបានពង្រឹងគ្រប់ក្រសួង-ស្ថាប័ន និងបង្កើតសមិទ្ធផលធំៗជាបន្តបន្ទាប់។ វិធានការជាច្រើនដែលដាក់ចេញដោយសម្តេច ត្រូវបានសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការបណ្តេញកងកម្លាំងប្រដាប់អាវុធណា ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ វិធានការចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសជាដើម។

យើងខ្ញុំទាំងអស់គ្នា មានការពេញចិត្តជាខ្លាំង និងសូមបន្តគាំទ្រដោយស្មោះស្ម័គ្រចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របតាមមាគ៌ារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជា បោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារសូមបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕