(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emerald AM (អេមឺរ៉ល អំ) នាយកប្រចាំប្រទេសនៃអង្គការ The Life And Building Safety(LABS)ដែលជាអង្គការជំនាញលើផ្នែកសុវត្ថិភាពសម្រាប់កម្មករនិយោជិតក្នុងរោងចក្រសហគ្រាស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
លោក Emerald AM បានជម្រាប លោករដ្ឋមន្ត្រីអំពីគោលបំ ណង និងទស្សនវិស័យនៃអង្គការរបស់ខ្លួនដែលជំរុញឱ្យកាន់តែប្រសើរ នូវស្តង់ដាប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យជាពិសេសគ្រោះថ្នាក់អគ្គិភ័យក្នុងរោងចក្រសហគ្រាស។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីផែនការសកម្មភាពរបស់ក្រសួងក្នុងអាណត្តិទី៧ដែលបានផ្តល់សារសំខាន់ និងការយកចិត្តទុកដាក់ជាអាទិភាពលើសុវត្ថិភាពកម្មករនិយោជិតដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធានាពីសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។
បន្ថែមពីនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបអង្គការLABS អំពីតួនាទី និងភារកិច្ចដាច់ដោយឡែកពីគ្នានៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីសុវត្ថិភាពអគ្គិភ័យក្នុងរោងចក្រសហគ្រាសផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានជំរុញឱ្យអង្គការLABSអាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា និងសិក្សាលម្អិតមើលពីលទ្ធភាពនៃកិច្ចសហការក្នុងគោលបំណងជំរុញលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតក្នុងរោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលស្របទៅនឹងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូសម្រាប់ឧត្តមប្រយោជន៍ទៅដល់កម្មករនិយោជិតគ្រប់ៗរូប៕
#MLVT #HENGSour