(បន្ទាយមានជ័យ)៖បន្ទាប់ពីអង្កេតឃើញតាមផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះស្ថិតក្នុងភូមិបឹង ជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងប្រឈមបញ្ហាខ្វះទឹកសម្រាប់ប្រេីប្រាស់ និងស្រោចស្រពដំណាំក្នុងរដូវប្រាំងក្ដៅហួតហែងនេះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោក យ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ
បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំចុះទៅបូមទឹកចេញពីស្រះទឹកធំជូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពផលដំណាំ។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានណែនាំដល់ក្រុមការងារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហេីយត្រូវបង្កេីនការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ពិសេសត្រូវបូមទឹកជូនពួកគាត់ប្រេីប្រាស់ឱ្យបានគ្រប់គ្រាន់ជាប្រចាំក្នុងរដូវប្រាំងក្តៅហួតហែងនេះ ដេីម្បីទប់ស្កាត់ និងប្រយុទ្ធបញ្ហាខ្វះទឹកប្រេីប្រាស់។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា អនុវត្តនេះ គឺជាការអនុវត្តតាមការដាក់ទិសដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរជាអាទិភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ។
លោកបណ្ឌិត ប៉ាន់ែខម ប៊ុនថន ក៏បានបញ្ជាក់បន្ថែមថា នៅទីនេះគឺមានលោក យ៉ាង គីមហ៊ុយ ក្នុងនាមជាអនុប្រធានប្រចាំការតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ តែងតែទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋននៅក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះជានិច្ចចាប់តាំងពីទីនេះបញ្ចប់វិវាទរៀបចំដំណេីរការអភិវឌ្ឍ បន្ទាប់ពីប្រជាពលរដ្ឋទទួលបានអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីចុងឆ្នាំឆ្នាំ២០២០ មកម្ល៉េះ៕