ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍

ភ្នំពេញ:នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកអគ្គនាយករង ស្រូយ សុបញ្ញា បានដឹកនាំមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តព្រះសីហនុ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។
កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានចូលរួមពី លោក ម៉ាង ស៊ីណេត អភិបា លរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍។
លើសពីនេះមាន មន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍រួមមានអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ សមាគមចុងភៅសមាគមទេសចរណ៍ ដែលមានមូលដ្ឋានក្នុងខេត្តព្រះសីហនុ ចំនួនសរុប ៨៦ នាក់។

ក្នុងនោះផងដែរ ផលិតផលហាឡាល (ម្ហូបអាហារ និងមិនមែនម្ហូបអាហារ) និងសេវាកម្មហាឡាល ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ និងការធ្វើពិពិទកម្មភ្ញៀវទេសចរក្នុងវិស័យទេសចរណ៍មូស្លីម និងដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។
ក្នុងនាមនាយកដ្ឋានកិច្ចការហាឡាសជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ. ហ.ក.» ត្រូវបានក្រសួងទេសចរណ៍ផ្តល់ជាវេទិកា និងការធ្វើបទបង្ហាញលើប្រធានបទទាក់ទងនឹងអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និងនីតិវិធីក្នុងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ដល់សិក្ខាកាមទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់លើកិច្ចការហាឡាលនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តដល់សិក្ខាកាមដែលជាប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ រួមមានអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ទាំងអស់ចូលរួមក្នុងការជំរុញទេសចរមូស្លីមនេះប្រកបដោយផ្លែផ្កា។
តាមរយៈការចូលរួមពីប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ដែលចាប់អារម្មណ៍ និងចង់បានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលសុំអញ្ជើញមកធ្វើការដាក់ពាក្យស្នើសុំនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងអាចទំនាក់ទំនងតាមលេខទំនាក់ទំនងរបស់នាយកដ្ឋានកិច្ចការហាឡាលដែលជាលេខាធិការនៃ គ.ត.ផ.ហ.ក.៖ 071 969 3363 ។