ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២២មីនានេះបាន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃនៅវិមាន៧ម ករា រាជធានីភ្នំពេញ។
សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃនៅពេលនេះនឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយ សណាស់ដែល លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនខ្មែរអ៊ីស្លាមនៅកម្ពុជា ដែលជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបជូនសម្ដេច តេជោថា កាលពី៣០ឆ្នាំមុន លោកបានជួបសម្ដេចតេជោ ក្នុងនាមជាអ្នកនយោបាយវ័យក្មេងរបស់កម្ពុជាដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។
លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ឯកឧត្តមបានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា ដូច្នេះយើងត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោកគូសបញ្ជាក់ថា ប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែរពលករកម្ពុជាដែលកំពុងធ្វើការនិងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេសបានផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។
លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលតួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ។
ជាការឆ្លើយតបសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើន លើគ្រប់វិស័យនៃទំនាក់ទំនងកម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់ផ្ដល់ការថែទាំ ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។
សម្ដេចតេជោ បានជម្រុញឱ្យប្រទេសទាំងពីរលើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។ និងចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរលើកកម្ពស់ពីទំនាក់ទំនងដៃគូរជាយុទ្ធសាស្ដ្រទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។
ចំពោះកិច្ចសហប្រតិបត្តិការ តំបន់យើងត្រូវជម្រុញថែមទៀតដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ ។
សម្ដេចតេជោ បានថ្លែងអំណរគុណដល់ លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបានអបអរសាទរចំពោះសម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជា ណាចក្រកម្ពុជា៕