ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក រស់ ភីរុណ អគ្គលេខាធិការ (គ.ល.ក.) និងរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ”

បន្ទាយមានជ័យ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំ ពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេ ទ” ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតស ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។

លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោកស្រី លី គឹមលៀង លេខាធិការគណៈ កម្មការទី២ នៃរដ្ឋសភា លោក ឈឹម ម៉ា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី តំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត។

បន្ថែមពីនេះ មានការចូលរួមពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, មន្ទីរ ជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង- ស្រុក-ឃុំ-សង្កាត់, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាង សរុប ២៥១ នាក់។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត បន្ទាយមានជ័យ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
ក្នុងនោះ គឺបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាង អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ សំដៅផ្លាស់ ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬ អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. ។
លើកកម្ពស់ការយល់ដឹងឱ្យកាន់តែ ទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សង សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោកអគ្គលេខាធិការ គ.ល.ក. ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា មកដល់បច្ចុប្បន្ន នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១ អាជ្ញាបណ្ណ សាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំ ណាងចំនួន ៩០ សម្រាប់តែប្រភេទ ឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់) ហើយខេត្តបន្ទាយមា នជ័យ មានក្រុមហ៊ុន ល្បែងផ្សងសំណាង ចំនួន ១ តែប៉ុណ្ណោះ និងពុំមានសាខាល្បែងផ្សងសំណាង និងប៉ុស្តិ៍សេវាឡើយ។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស និងតាមការណែនាំរបស់លោកអភិបាលនៃគណៈអភិបាលខេត្ត រួចមក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មេបញ្ជា- ការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងចាត់វិធា នការបង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់ កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។

កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពា ល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបន្ទាយមានជ័យ” បានប្រព្រឹត្តទៅដោយរលូននិងទទួលបានផ្លែផ្កាគាប់ប្រ សើរ តាមការរំពឹងទុក។