មន្ត្រីអនុរក្សពន្ធនាគារខេត្តរតនគិរី បានឲ្យដឹងថា លោក រ៉ា បូរ៉ាន់ឌី ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យដោះលែងជនត្រូវចោទទាំង១២នាក់នេះវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយមានអ្នកបើកឡានមកទទួលដល់ពន្ធនាគារតែម្តង។
មន្ត្រីដដែល បានបញ្ជាក់ថា ដីកាដោះលែងនេះចុះហត្ថលេខាដោយលោកចៅក្រម រ៉ា បូរ៉ាន់ឌី ដោយមានការឯកភាពពីព្រះរាជអាជ្ញា។
លោក រ៉ា បូរ៉ាន់ឌី ចៅក្រមចេញដីកាបង្គាប់ឲ្យដោះលែងនេះ និងលោកព្រះរាជអាជ្ញា ជា ពេជ្រ មិនអាចសុំការបញ្ជាក់បានទេ នៅថ្ងៃនេះ។
សូមរំឭកថា បុរសជនជាតិវៀតណាម១២នាក់ ដែលបានយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យដោយខុសច្បាប់ ត្រូវបានលោក ឡេង វណ្ណរិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ សហការជាមួយក្រុមចម្រុះខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយន៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:មិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រចំនួន៦គ្រឿងនៅតំបន់ព្រំដែន ក្នុងដីក្រុមហ៊ុននុភាព សុភី ក្នុងភូមិសាស្រ្ត ស្រុកតាវែង ក្រោយពីពួកគេលួចឆ្លងដែន ដឹកនាំគ្រឿងចក្រចូលមកឈូសឆាយដីព្រៃដោយខុសច្បាប់។
យោងតាមឯកសារដែលសមត្ថកិច្ចរកឃើញ បញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ បានឆ្លងដែនចូលប្រទេសកម្ពុជា តាមរយៈឈ្មោះ សេក វិរៈ ជាតំណាងក្រុមហ៊ុន នុភាព សុភី និងឈ្មោះ VO NGU YEVSA ជាជនជាតិវៀតណាម (មានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ)។
គួរបញ្ជាក់ថា ក្រុមជនជាតិវៀតណាមទាំង ១២នាក់នេះ បានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់តាមច្រកក្នុងព្រៃ ចំណុចបង្គោលការពារព្រំដែនលេខ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៥០៥(ប៉ុស្តិ៍ភូមិចង) ខេត្តរតនគិរីជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម។
ក្រោយមកបុរសវៀតណាមទាំង១២នាក់នេះ ត្រូវបានប្រគល់ឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បំពេញបែបបទនីតិវិធីបញ្ជូនទៅតុលាការចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារតែម្តង។
ប្រភពដដែលនេះ បានលើកឡើងថា «រឿងខាងលើនេះ គឺជារឿងមិនប្រក្រតី ហើយសូមឲ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ មេត្តាពិនិត្យបង្កើតក្រុមការងារស៊ើបអង្កេតមួយដើម្បីរកការពិត រឿងពាក់ពន្ធការដោះលែងជនជាតិវៀតណាមមកកាប់បំផ្លាញព្រៃឈើក្នុងដែនឧទ្យានទឹកដីកម្ពុជាយើនេះ»។
ចំណែកប្រជាជន និងមន្ត្រីរាជការ នៅខេត្តរតនគិរី ដែលបានដឹងរឿងនេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះស្ថាប័នតុលាការខេត្ត ដែលឃុបឃិតដោះរឿងឧក្រិដ្ឋកម្មព្រៃឈើដោយមិនបានស៊ើបសួរឲ្យអស់រឿងហេតុទៅតាមច្បាប់កំណត់៕

