(ស្វីស)៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។
ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅកម្ពុជា។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុនដែលបានប្រារព្ធ យ៉ាងអឹក ធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុនដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែម ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។
ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់ប្រទេស ជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។
ឆ្លើយតបចំពោះចំណុចនេះ លោក MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងដ៏ស្អិតរមួតក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕
#MLVT #HENGSour