ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។
សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡ្ហឥតសាសនាក្នុងរបបប៉ុលពតបង្ខំឱ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអង្គបានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ព្រះអង្គជាឧបសម្បទាបេក្ខ ១រូប ក្នុងចំណោម ៧រូប ឱ្យចូលសាងបំពេញឧបសម្ប័ទជាភិក្ខុភាវៈ ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារដ៏ឧត្តុងឧត្តមជាបន្តបន្ទាប់។
ទ្រង់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ឱ្យមានលក្ខណៈល្អប្រសើរ តាមរយៈការស្នើសុំ និងបង្កើតឱ្យមានស្ថាប័នគណៈសង្ឃនាយក លេខាធិការដ្ឋានគណៈសង្ឃនាយក ថេរសភាជាន់ខ្ពស់ ថេរសភារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ការតាក់តែងលិខិតបទដ្ឋានគតិយុត្តិ ព្រះសង្ឃប្រកាស ការរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ការតែងតាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងការដោះស្រាយអធិករណ៍ក្នុងពុទ្ធសាសនមណ្ឌល ។ល។ ទ្រង់តែងទទួលការយាងចូលរួមជាព្រះអធិបតីភាពក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ដោយព្រះរាជហឫទ័យជ្រះថ្លាបំផុត។


រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២១ មិថុនា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia