ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងវៀតណាម ៖ ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ

ភ្នំពេញ:លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានអះអាងថា ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ដោយឥតឈប់ឈរការយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។

ការអះអាងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាមបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ កាលពីពេលថ្មីៗនេះ។

ទាក់ទងនឹងសំណួរដែលសួរថាតើអ្វីទៅជាវិស័យអាទិភាពសម្រាប់ កម្ពុជា និងវៀតណាម ក្នុងទំនាក់ទំនងការទូតឆ្ពោះទៅមុខនោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានថ្លែងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងពេលអនាគត ភាគីទាំងពីរគប្បីបន្តដំណើរការលើវិស័យ និងវិធានការអាទិភាពមួយចំនួនដូចជាទី១ គឺរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ លើកកម្ពស់ដោយឥតឈប់ឈរការយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងសភាពការណ៍ថ្មី។
ទី២ គឺម្ចាស់ការក្នុងការចាប់យកកាលានុវត្តភាព ឆ្លងពុះពារការលំបាក ដើម្បីមានការវិវត្តជាវិជ្ជមានលើវិស័យសហប្រតិបត្តិការនានា ដែលក្នុងនោះ យកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យសេដ្ឋកិច្ច បង្កកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទី៣ គឺបង្កើនយ៉ាងខ្លាំងក្លា និងជម្រុញសសរស្តមទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ​និង​ការ​ទូតឱ្យស៊ីជម្រៅថែមទៀត ធានាបរិស្ថានសន្តិភាព ស្ថេរភាពសម្រាប់ការអភិវឌ្ឍ នៃប្រទេសនីមួយៗ។
ភាគីទាំង​ពីរ​ត្រូវសហការយ៉ាងជិតស្និទ្ធ ពិគ្រោះយោបល់ទៅវិញទៅមកចំពោះរាល់បញ្ហារួមនៅតាមវេទិកា និង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។
ទី៤សហការយ៉ាងជិតស្និទ្ធលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ​លើវិស័យអប់រំបណ្តុះបណ្តាលសុខាភិបាល វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស លើកកម្ពស់ទំនាក់ទំនងល្អរវាងក្រសួងនិងស្ថាប័ន ជាពិសេសគឺខេត្តជាប់ព្រំដែនជាមួយគ្នាបង្កើនសកម្មភាពមិត្តភាពជួយគ្នាទៅវិញទៅមករវាងប្រជាជនគ្រប់មជ្ឈដ្ឋាន អង្គការ មហាជន និងយុវជននៃប្រទេសទាំងពីរ។
ទី៥ បង្កើនការងារឃោសនាដល់ប្រជានជនគ្រប់មជ្ឈដ្ឋានស្រទាប់វណ្ណៈ ជាពិសេសគឺយុវជនជំនាន់ក្រោយ ស្ដីអំពី​ប្រពៃណី នៃទំនាក់ទំនងមិត្តភាពភូមិផងរបងជាមួយ ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុភាពនិងកាលានុវត្តភាពជាច្រើនសម្រាប់បង្កើន ពង្រីកវិស័យសហប្រតិបត្តិការ​ប្រកបដោយសក្ដានុពល ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបាន។
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧បាន​ដាក់ចេញគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់កំណែទម្រង់ដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ បើកផ្លូវទូលំទូលាយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ហើយការដោះដូរពាណិជ្ជកម្មនឹងក្លាយជាមូលដ្ឋានអំណោយផល ដែល​ផ្ដល់ឱកាសវិនិយោគថ្មីថែមទៀត។
ក្រៅពីការពង្រឹងសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ភាគីទាំងពីរ​នៅ​តែមានឱកាសជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិ​បត្តិ​ការលើវិស័យដែលអាច​បំពេញបន្ថែមឱ្យគ្នា​ទៅវិញទៅ​មកក៏ដូច​ជា​វិស័យថ្មី​ជាច្រើនទៀត បង្កើនទាញយកផលពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងឧត្តមភាព​នៃ​ទំនាក់ទំនងរវាងខេត្តជាប់ព្រំដែន បង្កើនការដោះដូរពាណិជ្ជកម្មតាមព្រំដែន និងទេសចរណ៍។
លោកឯកអគ្គរដ្ឋទូតវៀតណាមបានបន្ថែមថា ក្រៅពីការបង្កើត​លក្ខខណ្ឌអំណោយផលពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ មានគោលដៅសំខាន់មួយគឺត្រូវផ្ដោតការយក​ចិត្ត​ទុក ដាក់លើការជួយឧត្តម្ភសហគ្រាសទាំងឡាយក្នុងការដោះស្រាយរាល់ការលំបាក និងឧបសគ្គ ជួយខេត្ត​ជាប់ព្រំដែនជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម។

លោកក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនោះ ត្រូវពន្លឿនការកសាង និងបង្កើត​ឱ្យ​ចេញ​ជារូបរាងនូវ”យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម” ធ្វើពិពិ​ធកម្ម​ទម្រង់ទេស​ចរណ៍ដូចជា ទេសចរណ៍ធម្មជាតិ ទេសចរណ៍លម្ហែកាយ​រួមផ្សំជាមួយការ​ពិនិត្យ​ព្យាបាលជំងឺបន្តភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក។
ក្រៅពីនេះ ប្រទេសទាំងពីរក៏មានឱកាសជំរុញកិច្ច​សហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាបៃតងបច្ចេកវិទ្យាស្អាត ឧស្សាហកម្មកែច្នៃនាំចេញបច្ចេក​វិទ្យា​ខ្ពស់និង​កិច្ចសហប្រតិបត្តិការ ក្នុង វិស័យសុខាភិបាល ឆ្លៀតទាញយកផល​ពីយន្តការ​ពហុភាគី​នានា​ដែល វៀតណាម និងកម្ពុជាចូលរួមដើម្បី​បង្កើន​ឱកាស និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម-កម្ពុជា ជាមួយនឹងប្រទេសទីបី។

ក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតបានអះអាងថា៖ «ឈរលើស្មារតីបុរេសកម្ម និងស្វាហាប់រហ័សរហួនរបស់សហគ្រាសវិនិយោគិនទាំងឡាយ ខ្ញុំជឿថាកាលានុវត្ត ភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបើកទូលាយបន្ថែមទៀត រួមចំណែកជំរុញ​ទំនាក់ទំនងសេដ្ឋកិច្ចរវាង វៀតណាម-កម្ពុជា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីតាម​ការចង់បាន​របស់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃប្រទេសទាំងពីរ»៕ ដោយ៖ រិទ្ធី, ផ្សាយដោយ៖ កន ចំណាន