ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា តែ តាំងប៉ថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនធ្វើឲ្យកម្ពុជាទទួលបានឱកាសវិនិយោគច្រើន

អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់​រដ្ឋាភិបាល​ចិន​នឹងធ្វើឲ្យកម្ពុជាកាន់មានឱកាសវិនិយោគច្រើនជាងមុននិងបង្កើតឲ្យមានទីផ្សារធំទូលាយ ហើយនេះបើតាម ការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធស​មាគ​ម​​សហគ្រាសធុនតូចនិងមធ្យមកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា តាមពិតទៅគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​នេះពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ដែលជំរុញនូវគម្រោងវិនិយោគ​ជាច្រើនទៀតលើគ្រប់វិស័យ ហើយក្រៅពីនេះធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន​កាន់តែសម្បូរបែប​នឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិ។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា« ចំពោះប្រទេសកម្ពុជាកាន់តែជម្រើសច្រើន​ជាងមុន ដោយមិនពឹងផ្អែកតែទីផ្សារតែមួយ ជាពិសេសនោះទទួលបាន​លំហូរវិនិយោគ​កាន់តែច្រើន ។ដូច្នោះតាមរយៈដំណើរទស្សនកិច្ច​សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ​នឹង​បើកផ្លូវឲ្យមានវិនិយោគថ្មីៗបន្ថែមទៀតក៏ដូចជាពង្រឹងទំនុកចិត្តដល់អ្នកវិនិយោគិនបរទេស»។
សម្រាប់អ្នកវិនិយោគខាងលើអះអាងថា ចំពោះវិស័យឯកជនគឺពិតជា​មានសេចក្តីរីក​រាយជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ហើយរំពឹងថា មហាមិត្តចិននឹងជួយដល់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតលើផ្នែកពាណិជ្ជកម្មនិងទីផ្សារកសិផលខ្មែរ។
គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសកលដែលបើកសម្ពោធជាផ្លូវការដោយប្រធានាធិបតីចិនលោក ស៊ី ជិនពីង តាមរយៈការរៀបចំជំនួបកំពូលលើកទី១ក្នុងឆ្នាំ២០១៧។
ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុកាន់តែមានកំណើនច្រើនឡើង ហើយជាលទ្ធផលគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយមាន​គម្រោងផ្លូវ​ល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោងផ្លូវល្បឿន​​លឿននេះនឹងត្រូវ​សាង​សង់រួចរាល់នៅចុងឆ្នាំនេះ។
គម្រោងផ្លូវល្បឿនលឿននេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន China Communications Construction Company ដែលមានចំនួនទឹកប្រាក់​ក្នុងការ​សាង​សង់ប្រមាណ២ពាន់លានដុល្លារ ដែលនេះជាគម្រោង​អភិវឌ្ឍន៍ដែល​ជម្រុញលើ​ការ​អភិវឌ្ឍន៍ផ្សេងៗទៀតឲ្យកាន់តែប្រសើរឡើង៕