ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-បារាំង ចុះអនុស្សរណៈបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរួមគ្នាក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជា

ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងដោយ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា តំណាងដោយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០២៤ មានគោលបំណងដើម្បីបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរួមគ្នាក្នុងការ ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាល័យប្រទេសបារាំង។ កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនមូលធនមនុស្សជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ គាំទ្រដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥៕