លោកឧកញ៉ា ចាន់ ស៊ីថា នាយកក្រុមហ៊ុន ង៉ូវហេងប្រចាំខេត្តកំពត បានមានប្រសាសន៍ថា តាមក្នុងនាមសហគ្រាសក្នុងស្រុកបានស្នើឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពង្រឹងការរឹតបន្តឹងការនាំចូលផលិតផលតាមច្រកព្រំដែន ខណៈដែលការផលិតក្នុងស្រុកនៅមានចំនួនតិចតួចនៅឡើយនោះ។
លោកឧកញ៉ាបានទទូចថា សូមឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែចូលរួមសហការគ្នា និងផ្តល់ការអប់រំដល់ម្ចាស់សហគ្រាស ដើម្បីឲ្យពួកគាត់ផលិតឲ្យមានស្តង់ដារកុំប៉ះពាល់ដល់អ្នកបរិភោគ។
លោកឧកញ៉ាមានប្រសាសន៍ទៀតថា វិធានការច្បាប់គឺជារឿងត្រឹមត្រូវសម្រាប់អ្នកមានកំហុស ដែលផលិតនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកបរិភោគ ក៏ប៉ុន្តែការនាំចូលផលិតផលតាមច្រកព្រំដែនគឺ ជារឿងសំខាន់ដែលគួរតែមានការត្រួតពិនិត្យ ដើម្បីកុំឲ្យពលរដ្ឋជួបបញ្ហាដល់អាយុជីវិតពេលទទួលទានហើយ។
លើសពីនេះលោកបានបន្ថែមថា ការផលិតរបស់សហគ្រាសនៅកម្ពុជាមានទំហំតូចនៅឡើយហើយរឿងសំខាន់ការត្រួតពិនិត្យតាមច្រកព្រំដែននឹងជួយទប់ស្កាត់បញ្ហាអនាម័យ ហើយដូច្នោះ ការនាំចូលគួរតែមានស្តង់ដារជាតិផងដែរ។
សម្រាប់ លោកស្រី កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួយលីលីបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងឧស្សាកម្ម និងសិប្បកម្មទាក់ទងសហគ្រាសក្នុងស្រុក ដែលបានផលិត និងប្រើប្រាស់សារធាតុគីមីធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនោះ គឺ ជារឿងត្រឹមត្រូវ ប៉ុន្តែទន្ទឹមនោះលោកស្រីថា«ក្នុងនាមអ្នកផលិតចំណីអាហារ ដែលធ្លាប់យើងបានអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាព ហើយបាននាំចេញទៅប្រទេសប្រមាណ១០ សូមឲ្យស្ថាប័នជំនាញត្រូវតែរឹតបន្តឹងការនាំចូលផលិតផលតាមច្រកព្រំដែនជាមុនសិន»។
លោកស្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលគួរតែពង្រឹងការត្រួតពិនិត្យផលិតផលជាមុនសិនមុនអនុញ្ញាតិនាំចូលមកកាន់ប្រទេសកម្ពុជានៅតាមច្រកព្រំដែន ហើយអ្វី ដែលសំខាន់នោះ ផលិតផលខ្មែរមុននាំចូលទៅក្រៅប្រទេសមានរបាំងអនាម័យលើគុណភាព និងការត្រួតពិនិត្យតឹងរឹងខ្លាំងផងដែរ។
លោកស្រីមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នផលិតផលនាំចូលពីប្រទេសជិតខាងមានច្រើន ហើយសូមឲ្យរាជរដ្ឋាភិបាលនិងស្ថាប័នជំនាញពង្រឹងការត្រួតពិនិត្យលើគុណភាពឲ្យបានល្អជាមុនអនុញ្ញាតិ មុនអនុញ្ញាតិឲ្យផលិតផលបរទេសនាំចូលនិងលក់នៅលើទីផ្សារកម្ពុជា។
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង។
អនុក្រឹត្យដែលមានចំនួន៤ មាត្រានោះបានបង្ហាញក្នុងមាត្រា១ អំពីការបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។
មាត្រា២នៃអនុក្រឹត្យនេះលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែននិងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត»។
អនុក្រឹត្យដដែលនោះបន្ថែមថា ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេសជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀតក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន។
បើគិតមកទល់ពេលនេះ កម្ពុជាបានសម្រេចអនុម័តស្ដង់ដារគុណភាពផលិតផល មានជាង ៦០០ស្ដង់ដារហើយ ដែលក្នុងនោះ មានភាគច្រើនជាផលិតផលម្ហូបអាហារ ហើយគ្រប់ម្ចាស់សហគ្រាសផលិតទាំងអស់ ដែលមានផលិតផលផលិតផល មានផ្ទុកសារជាតិជាតិពុល ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់រងគ្រោះថ្នាក់ ឬស្លាប់បាត់បង់ជីវិតនោះ អាចនឹងត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌ ទោះបីជាមានចេតនា ឬគ្មានចេតនាក៏ដោយ។