ភ្នំពេញ:ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណ(CLV-DTA)។
ឯកឧត្តម យន្ត មីន ថ្លែងថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា- ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុង ឆ្នាំ១៩៩៩ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណា ប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំ ក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន ១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នា ធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការ ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាម រយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។
ការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណ អភិវឌ្ឍន៍ បានជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងការតភ្ជាប់ ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការ លើកកម្ពស់វិស័យទេសចរណ៍ តាមចក្ខុវិស័យ “ប្រទេសបីគោលដៅទេសចរណ៍តែមួយ” ដែលជាគ្រឹះក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេស។ ទាំងនេះជាភស្តុតាង យ៉ាងប្រត្យក្សបញ្ជាក់ថាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាប្រភពនៃសន្តិភាព និងវិបុលភាព សម្រាប់ប្រទេសទាំងបី ជាពិសេសខេត្តជាប់ព្រំដែន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសព្រមទាំងប្រឆាំងដាច់អហង្ការ ចំពោះការ ញុះញង់បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងអំពាវនាវដល់ បងប្អូន ជនរួមជាតិទាំងអស់ សូមបន្តចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
សូមប្រកាសគាំទ្រវិធានការច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែលបំផ្លិចបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះ និងធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិ និងមាតុភូមិកម្ពុជា៕
