ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ លើកទី២ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ទីក្រុងវៀងចន្ទន៍៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសាធារណរដ្ឋកូរ៉េដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថលក្នុងការថែទាំសុខភាព»។

កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ មានគោលបំណងបន្តពិភាក្សាពីវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ជាពិសេសផែនការ និងគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យថែទាំសុខភាព តាមរយៈបរិវត្តកម្មសុខាភិបាលឌីជីថលនាពេលអនាគត ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ជាបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើការកសាងប្រព័ន្ធព័ត៌មានសុខាភិបាលដ៏រឹងមាំ សម្រាប់ការផ្ដល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រព័ន្ធទិន្នន័យសុខាភិបាលអាស៊ានរួមគ្នា។ តាមរយៈការគាំទ្រពីសាធារណៈរដ្ឋកូរ៉េ និងការលើកកម្ពស់ស្តង់ដារសុវត្ថិភាព ឯកជនភាព អន្តរប្រតិបត្តិការ ការចែករំលែកទិន្នន័យសម្រាប់ការតាមដានជំងឺ និងការប្រើប្រាស់ទិន្នន័យប្រកបដោយសីលធម៌ទាំងក្នុង និងក្រៅវិស័យសុខាភិបាល ជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ក្នុងសម័យឌីជីថល ដែលកម្ពុជាប្តេជ្ញាចិត្តលើកកម្ពស់សុខាភិបាលឌីជីថល និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជានាពេលអនាគត។

អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី ដោយផ្តោតលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការថែទាំសុខភាព ការអនុវត្តសកម្មភាព និងគម្រោងថ្មីក្នុងវិស័យសុខាភិបាលនាពេលអនាគត តាមរយៈការលើកកម្ពស់កម្មវិធីពង្រឹងសមត្ថភាព គាំទ្រដល់ការបង្កើត និងអនុវត្តផែនការព័ត៌មានសុខាភិបាលតាមតម្រូវការរបស់អាស៊ាន និងការបង្កើតយុទ្ធសាស្រ្តសម្រាប់ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល។