យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពន្យល់បន្ថែមអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រី- កោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមតាំងពីឆ្នាំ១៩៩៩ ដែលរហូតមកទល់ពេលនេះ មានរយៈពេល ២៥ឆ្នាំហើយ, ដោយបានទាញផលប្រយោជន៍ជាច្រើនក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងការអប់រំ សុខាភិបាល សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ, ដោយមិន បានដាក់ដីទាំង៤ខេត្តរួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវនោះទេ គឺគ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជាគឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវ ក៏ដូចគ្នា ពួកគេ អភិវឌ្ឍដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធចាត់វិធានការតាមផ្លូវច្បាប់ ដូចការអនុវត្តនៅបណ្តាប្រទេស ប្រជាធិបតេយ្យធំៗ នៅលើពិភពលោក ដូចជាថ្មីៗនេះ នៅប្រទេសអង់គ្លេសជាដើម ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្តិសុខ បំផ្លាញសន្តិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឱ្យបាននូវសុខ សន្តិភាព សុវត្ថិភាពសង្គម ស្ថិរភាពនយោបាយ និងសេចក្តីសុខសាន្តរបស់ប្រជាជន។