ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះការចង់ឱ្យមានការផ្លាស់ប្តូរពីការសរសេរអត្ថបទព័ត៌មានបែបសន្តិសុខ ទៅជាការសរសេបែបព័ត៌មានសេដ្ឋកិច្ចវិញ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាដែលចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកសារព័ត៌មានឱ្យងាកពីការសរសេរព័ត៌មានបែបសន្តិសុខ ឬការសរសេរព័ត៌មានបែបមិនសូវមានប្រយោជន៍ ទៅជាការសរសេរអត្ថបទព័ត៌មានបែបផ្តល់ចំណេះដឹងពាក់ព័ន្ធទៅនឹងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ឬជាព័ត៌មានបែបសេដ្ឋកិច្ចវិញ ខណៈដែលកម្ពុជាកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។

ការគាំទ្ររបស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងពន្ធដារ ដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះការលើកឡើងរបស់ប្រធានសមាគមរូបនេះ ដែលចង់ឱ្យមានការផ្លាស់ប្តូរចំពោះអ្នកសារព័ត៌មានពីការសរសេរព័ត៌មានដែលឥតប្រយោជន៍ទៅជាការសរសេរបែបមានប្រយោជន៍វិញ នោះគឺពាក់ព័ន្ធទៅនឹងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសដែលក្នុងនោះរឿងសេដ្ឋកិច្ចជាការសំខាន់ ខណៈដែលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំមួយ ដើម្បីធ្វើការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់អ្នកអាន អ្នកស្តាប់ ដែលធ្លាប់តែចូលចិត្តចំពោះដំណឹងបែបអសន្តិសុខ បែបជារឿងអាស្រូវរបស់បុគ្គលល្បីឈ្មោះឱ្យទៅជាការចង់អាន ចង់ស្តាប់នូវព័ត៌មាន ឬដំណឹងស្តីពីសេដ្ឋកិច្ចវិញ។

លោករដ្ឋមន្ត្រីបានលើកឡើងថា នៅក្រោយពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ពោលគឺនៅក្រោយឆ្នាំ១៩៩៨ រហូតមកដល់មុនការផ្ទុះជំងឺកូវីដ-១៩ កម្ពុជាមានកំណើនសេដ្ឋកិច្ច ប្រមាណជាង ៧ភាគរយក្នុងមួយឆ្នាំ ដែលជាកំណើនមួយដ៏ខ្ពស់បើប្រៀបធៀបនឹងបណ្តាប្រទេស ក្នុងតំបន់ ខណៈកំណើនសេដ្ឋកិច្ចនេះវាបានកើតចេញពីយុទ្ធសាស្ត្រអាទិភាពចំនួនបួនគឺ មនុស្ស ទឹក ផ្លូវ និងភ្លើង ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនូវយុទ្ធសាស្ត្រចតុកោណក្នុងរយៈពេល ២០ឆ្នាំ បានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់។

លោក

រដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា កំណើននេះ ដោយបានតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកច្បាប់ត្រូវបានពង្រឹង ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុននៅកម្ពុជាប្រកបដោយទំនុកចិត្ត ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ខាងនយោបាយ និងប្រព័ន្ធលើកទឹកចិត្ត និងការអនុវត្តច្បាប់របស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដែលនាំឱ្យមានកំណើនខាងការវិនិយោគជាបន្តបន្ទាប់ ដែលទាំងនេះហើយគឺជាប្រធានបទដ៏មាន សារៈសំខាន់នៅក្នុងការសរសេររបស់អ្នកសារព័ត៌មានយើង៕ ដោយ៖ ចាន់ សុភឿន, រូបថត៖ ខឹម សុវណ្ណារ៉ា