«ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ»។ នេះជាប្រសាសន៍របស់ លោក ជិន ម៉ាលីន រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា៖ «កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយបានចោទប្រកាន់មួលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម»។
បន្ថែមពីលើនេះ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ហើយផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្ម ក្នុងគោលដៅបដិវត្តន៍ពណ៌ ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលប៉ះពាល់ដល់សន្តិសុខជាតិ។
លោក បញ្ជាក់បន្ថែមថា បានផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត៕
ដោយ ផែន រតនៈ