ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ.ល.ក.បានសហការនិងអភិបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ​គ្រប់​គ្រង​​ល្បែង​​ពាណិ​ជ្ជ​​កម្ម​កម្ពុជា (គ.ល.ក.)នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២៤នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំបានសហការ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ” ។
កម្មវិធីនេះ ក្រោម​​អធិបតីភាព​​​របស់​ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាង​ដ៏ខ្ពង់ខ្ពស់​ អគ្គបណ្ឌិត-​សភាចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និងជា​ប្រធាន គ.ល.ក.និងលោក ណុប ឡងឌី អភិបាលរងនៃ​គណៈ​អភិបាល​ខេត្តត្បូងឃ្មុំ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ក្រៅពីនេះមាន​ការ​អញ្ជើញ​ចូលរួមពី​សមាជិក​ក្រុមប្រឹក្សា​ខេត្តត្បូងឃ្មុំ, តំណាង​សាលា​ដំបូងនិងអយ្យការ​អម​​​សា​លា​​​​ដំបូង​ខេត្ត, តំណាងបញ្ជាការ​ដ្ឋានកងរាជ​អាវុធ​ហត្ថ​​ខេត្ត, តំណាង​បញ្ជាការ​​ដ្ឋាន​​តំបន់​​ប្រតិបត្តិ​ការ​​សឹក​រង​​ខេត្ត, ​តំណាងស្នងការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត, ប្រធានមន្ទីរនិង​អង្គភាព​​ជំនាញ​​ពាក់ព័ន្ធ, គណៈ​បញ្ជា​ការ​​ឯកភាព​រដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រី​ជំនាញពាក់​ព័ន្ធ​​​​នៃ​​រដ្ឋបាល​​​ខេត្តត្បូងឃ្មុំ។
លើសពីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញនៃ គ.ល.ក. និងប្រតិបត្តិករល្បែង​ផ្សង​សំណាង ប្រមាណ ២២១ នាក់​។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង​ផ្លាស់​​​​ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុង​ខេត្ត​ត្បូង​ឃ្មុំ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដើម្បី​កំណត់​​និង​ដោះ​ស្រាយ
​​​នូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាន​និង​កំពុង​​​កើត​មានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។

បង្កើន​កិច្ចសហការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​​អគ្គ​លេ​ខា​-​ធិការ​ដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តត្បូងឃ្មុំ សំដៅ​​ផ្លាស់​ប្តូរ​ព័ត៌មាន និង​សហការ​​ក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការ​តាម​សមត្ថកិច្ច​រៀងៗខ្លួន លើ​​ការធ្វើ​អាជីវកម្ម​ល្បែង​ស៊ីសងគ្រប់ប្រភេទ ក៏ដូចជា ល្បែងផ្សងសំណាង​ដែលមិន​មាន​អាជ្ញាបណ្ណ និង/ឬ​អាជ្ញា​បណ្ណសាខា និង/ឬ​លិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។
លើកកម្ពស់​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​នូវច្បាប់​​និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រ ប់គ្រងអាជីវកម្ម​ល្បែង​ផ្សង​សំណាង ដើម្បីជំរុញ​អនុលោម-ភាពនិងការទទួលខុ សត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណា ង និង​ចូលរួមកាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជ​មា​ន​ជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរលោកអគ្គលេខាធិការ គ.ល.ក. ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១ អាជ្ញាបណ្ណ​​​សាខាល្បែង​ផ្សង​សំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់​តែ​ប្រភេទ​ឆ្នោតកោស ឆ្នោត​សន្លឹក និង​ឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។
ថ្មីៗនេះ តាមរយៈការអនុវត្ត​ច្បាប់និងលក្ខខណ្ឌអាជ្ញាបណ្ណតឹងរ៉ឹង គ.ល.ក. បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាង​ចំនួន ១ ក្រុមហ៊ុន និង​បាន​ដក​ហូត​អាជ្ញាបណ្ណល្បែងផ្សង​សំណាង ​ចំនួន ១ ក្រុមហ៊ុន ព្រមទាំងបាន​បញ្ឈប់ការបន្ត​សុពលភាព​​លិខិត​​អនុញ្ញាត​​ប៉ុស្តិ៍​សេវា​ល្បែងផ្សងសំណាងទាំង ៩០ ទីតាំងផងដែរ។
ចំណែកនៅខេត្តត្បូងឃ្មុំ គ.ល.ក. បានផ្តល់​អាជ្ញាបណ្ណ​សាខា​​​ល្បែង​ផ្សង​សំណាង ជូនដល់ក្រុមហ៊ុនចំនួន ២​ តែប៉ុណ្ណោះ គឺក្រុមហ៊ុន ឌ្រីម វីន ខបភើរេសិន (ឆ្នោតខ្មែរ) និងក្រុមហ៊ុន សម្បត្តិ យើង ឯ.ក (ឆ្នោត សម្បត្តិយើង)។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងសមត្ថកិច្ច​ពាក់ព័ន្ធ បានយល់ច្បាស់នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និង​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងបានប្តេជ្ញា​យ៉ាង​មុតមាំក្នុងការបន្តចាត់​វិធាន​ការ​បង្ក្រាបឱ្យ​អស់​រាល់​​​ល្បែងស៊ីសងខុស​ច្បាប់​គ្រប់ប្រភេទ និង​ទប់ស្កាត់មិន​ឱ្យមាន​ល្បែង​ស៊ីសង​ខុស​ច្បាប់ កើតមានជាថ្មី​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។
កិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់​ពីល្បែង​ស៊ី​សង​​​​ខុស​​ច្បាប់គ្រប់ប្រភេទ នៅខេត្តត្បូងឃ្មុំ” បានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា​គាប់​ប្រសើរ តាម​​​​​ការរំពឹងទុក។