សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។
តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី១៩ ខែសីហានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។
សូមរំលឹកផងដែរា កាលពីម្សិលមិញនេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនក្រុមកុបកម្មចំនួន ៣១នាក់ ដែលបានធ្វើសកម្មភាពតាមផែនការរបស់ក្រុមជ្រុលនិយមក្រៅប្រទេស។
តាមលោក នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា៖ «ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។
ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។
ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ កន ចំណាន