ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ កងកម្លាំង មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំនៅក្នុងមូលដ្នានស្រុកត្រាំកក់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាស្រុកត្រាំកក់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
លោកវ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការរំលឹក និងណែនាំ ដល់មន្រ្តីរាជការដែលបំរើការងារក្នុងស្រុកត្រាំកក់ទាំងអស់ត្រូវតែគោរពម៉ោងការងារ ការចុះបញ្ជីវត្តមាន និងបទបញ្ជាផ្ទៃក្នុងដទៃទៀតរបស់អង្គភាពដែលបានកំណត់អោយបានល្អប្រសើរ ចៀសវាងមានចុះអង្កេតពីក្រុមការងារសវនកម្មដែលនាំប៉ះពាល់ដល់មុខមាត់អង្គភាព ក៏ដូចជាខេត្ត។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការគោរពេលវេលា និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពវាជាកាតព្វកិច្ចរបស់មន្រ្តីរាជការទាំងអស់ដែលត្រូវតែធ្វើ ដូច្នេះក្នុងនាមជា អ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ ត្រូវតែមកបំពេញការងារអោយបានទៀងទាត់ កុំមកធ្វើការដើម្បីតែចុះបញ្ជីវត្តមាន និងមិនត្រូវអាងខ្សែរ ប្រើអំណាច រឺបង្កើតបក្សពួកនិយមនៅកន្លែងធ្វើការនោះទេ ជាពិសេសត្រូវបំពេញការងារដោយភាពស្មោះត្រង់និងមានទំនួលខុសត្រូវខ្ពស់ មិនត្រូវកិបកេងទ្រព្យសម្បតិរដ្ឋឡើយ ពោលធ្វើយ៉ាងណារួមសាមគ្គីគ្នាជាធ្លុងមួយ និងឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីអភិវឌ្ឍអង្គភាពអោយកាន់តែរីកចម្រើនថែមទៀត ក្រោមម្លប់នៃសុខសន្ដិភាព។
ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានណែនាំ និងជម្រុញបន្ថែមទៀតដល់មន្រ្តីបម្រើសេវាទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ លឿនរហ័ស ទាន់ពេលវេលា ដើម្បីប្រជាពលរដ្ឋពេញចិត្ត និងមានជំនឿជឿជាក់មកលើមន្រ្តីរបស់យើងដែលជាអ្នកផ្ដល់សេវាជូនពួកគាត់ផងដែរ៕ផ្សាយដោយ កន ចំណាន ប្រភព ៖ រដ្ឋបាលខេត្តតាកែវ