ភ្នំពេញ៖ លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ជប៉ុននៅតែខិតខំបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ឲ្យស្របទៅនឹងវិស័យជាអាទិភាព នៃយុទ្ធសាស្រ្ត អភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការងារកំណែទម្រង់ផ្សេងៗ របស់ រាជរដ្ឋាភិបាល រួមទាំងការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ ។
លោក HORINOUCHI Hidehisa បែបនេះក្នុងជំនួបជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ។ដើម្បីចូលរួមចំណែកទាក់ទាញការវិនិយោគរបស់វិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានថ្លែងថា ចំពោះការគាំទ្ររបស់ភាគីមិត្តជប៉ុន និងគំនិតផ្តួចផ្តើមក្នុងការជួយសិក្សា រៀបចំ ផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែ គឺជប៉ុនបានផ្តល់ជំនួយបច្ចេកទេស ក្នុងការសិក្សារៀបចំផែនការមេនេះ។
ចំណែក ការយកពន្ធត្រួតស៊ីគ្នាវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជៀសវាងនូវការសិក្សា ជាន់គ្នា ដោយសារបច្ចុប្បន្នមានប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន បានជួយកម្ពុជា ក្នុងការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះផងដែរ ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យមន្រ្តីបច្ចេកទេស ពាក់ព័ន្ធរបស់ភាគីទាំងពីរ មានការយោគយល់ គ្នាទៅវិញទៅមក និងបន្តខិតខំថែមទៀតក្នុងការផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ សម្រាប់ភាគីទាំងសងខាង ដើម្បីអាចឈានទៅបញ្ចប់ការរៀបចំកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ ដើម្បីទាក់ទាញការវិនិយោគឯកជនជប៉ុនមកកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងជប៉ុន ៕