សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយសម្ដេចបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងចៀសវាងបាននូវជម្លោះរវាងប្រទេស ក៏ដូចជាប្រជាជនភូមិផងរបងជាប់គ្នាគ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា។
នេះបើតាមប្រសាសន៍របស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានថ្លែងប្រាប់សារព័ត៌មានក្រោយជំនួបរវាងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។’
អ្នកនាំពាក្យ បានបន្តថា សម្ដេចប្រធានរដ្ឋសភាគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការភ្ជាប់ការចុះបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃ ដូចជាភាសា កីឡាល្បុក្កតោ សង្រ្កាន្ត គ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា ដែលពិបាកនឹងបែងចែក និងអាចធ្វើឱ្យមានជម្លោះរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា «ការចុះបញ្ជីរួមគ្នានេះ នឹងធ្វើឲ្យចៀសវាងបាននូវជម្លោះរវាងប្រទេសទាំងពីរ ក៏ដូចជាជម្លោះរវាងប្រជាជននិងប្រជាជន។ ដោយសារតែទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរមានភាពជិតគ្នាខ្លាំង ដូច្នេះបើយើងព្យាយាមកាត់ផ្ដាច់ពីគ្នានោះ គឺនឹងពិបាក។ ដូច្នេះយើងគួរមានកិច្ចសហការរួមគ្នា ដើម្បីធ្វើយ៉ាងណាចៀសវាងនូវជម្លោះដែលអាចកើតមានឡើង»។
គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា កាលពីម្សិលមិញ បានស្នើឱ្យភាគីកម្ពុជា និងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមកឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្ត ជាដើម។ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើអាចចុះបញ្ជីរួមគ្នាបានមែន នោះវាជាការបង្ហាញពីសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ប្រទេសនេះ ឬរបស់ប្រទេសនោះ។
លោកឯកអគ្គរាជទូតថៃ បានគាំទ្រនូវគំនិតផ្ដួចផ្ដើមនេះ ដោយសង្ឃឹមថា សម្រាប់អាណត្តិអគ្គរាជទូតថ្មី ដែលនឹងមកដល់កម្ពុជានៅពេលខាងមុខ នឹងបន្តធ្វើកិច្ចការងារនេះ។ លោកមានប្រសាសន៍ថា «មានមិត្តជាប់ភូមិផងរបងមួយប្រសើរជាងមិត្តនៅឆ្ងាយចំនួនដប់» ដែលពំនោលនេះ ក្នុងន័យឲ្យប្រទេសទាំងពីរបន្តខិតខំប្រឹងប្រែងកសាងនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងនាមជាមិត្តភូមិផងរបងជាប់គ្នាជាបន្តទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ។លោកសង្ឃឹមថា ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ថែមទៀត បន្ទាប់ពីលោកកត់សម្គាល់ឃើញថា ប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕ដោយ កន ចំណាន




