ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាម៉េរិក និងកម្ពុជា រៀបចំកិច្ចសន្ទនារវាងរដ្ឋមនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងផ្តល់សញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនានេះ បានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរៀបចំកិច្ចសន្ទនានាឱកាសនេះ គឺស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងធ្វើពិពិធកម្មប្រភពវិនិយោគ ពិសេសពីសហរដ្ឋអាម៉េរិកបន្ថែមទៀត។ អាស្រ័យហេតុនេះ លោកឧបនាយករដ្ឋមន្ត្រី រំពឹងថានឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាម៉េរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិកប្រមាណ២សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។

លើកឡើងនាឱកាសនេះដែរ លោកស្រីភារធារី បានបង្ហាញភាពសប្បាយរីករាយដែលបានសហការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជនលើកទី១នេះ ដែលអាចរួមគ្នាពិនិត្យពិភាក្សាលើបរិយាកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរលោកស្រីបានបន្ថែមថា សហរដ្ឋអាម៉េរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌការវិនិយោគ សហរដ្ឋអាម៉េរិកបានមើលឃើញអំពីការចូលរួមរបស់ក្រុមហ៊ុនឯកជនអាម៉េរិកដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីជឿជាក់ថា វត្តមាននិងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រីភារធារី ជាថ្មីម្ដងទៀតបានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ៕ដោយ៖ កន ចំណាន