មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា បានអញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។
សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធភាពផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។
ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងបានសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដែលបម្រើការងារនៅមន្ទីពេទ្យ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងពិនិត្យការដ្ឋានសាងសង់បន្ទប់បាញ់កាំរស្មី ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនគុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាពន្លឿនការបើកដំណើរការមន្ទីរពេទ្យនេះផងដែរ៕