ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះអប់រំណែនាំ ផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារសាមគ្គី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ទី១០ ខែតុលា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ ,នាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារសាមគ្គី បានអញ្ជើញអាជីវករ ចំនួន ១៧នាក់ ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលគីមី លក់សាប៊ូ និងអ្នកលក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែកបណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ សាច់អាំង ជាដើម មកធ្វើការស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័តឬស្តង់លក់អាហារ។
សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។
គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំងនេះ គឺដើម្បីអប់រំណែនាំ បញ្រ្ជៀបការយល់ដឹង ធានាឱ្យបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមសហការ ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង តាមប្រព័ន្ធទូរសព្ទសាធារណៈ (Call Center) លេខ 1266 របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយៈ CCF Complain App ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់។